រាជធានីភ្នំពេញ : “កុំខឹងកុំស្អប់អូន! ពេលអូនចូលចិត្តស្លៀកពាក់សិចស៊ី។ បើរិះគន់អូនសូម រិះគន់ដោយសេចក្តីស្ថាបនា។ កុំប្រមាថអូនទៀត។ ធ្វើដើម្បីអ្នកគាំទ្រ និងទស្សនិកជនប៉ុណ្ណោះ” ។ នេះជាសម្តីរបស់ តារាសម្តែងសិចស៊ី កញ្ញា អូនម៉ី ដែលស្ងាត់មួយរយៈ។

រូបភាព៥សន្លឹកនៃសម្រស់របស់តារាសិចស៊ីអូនម៉ីបង្ហាញ ពីរូបរាងស្លីម និងសម្ញែងដើមទ្រូងទៅកាន់អ្នកគាំទ្រ និងទស្សនិកជនដែលតែងតែពេញចិត្តនឹងនាង។ ការបញ្ចោញរូបភាពសិចស៊ីរបស់នាងលើកនេះធ្វើឡើងក្រោយពីនាងបាន ស្ងាត់មួយរយៈពេលជួបព្យុះ រិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងហ្វេសប៊ុកទៅលើនាងបានស្លៀករ៉ូ បសិចស៊ីបញ្ចោញដើមទ្រូងស្ទើរតែអស់កាលពីខែមករា ឆ្នាំ២០១៥ ។
កញ្ញា អូនម៉ី បានប្រាប់ថា “ឃើញស្លៀកពាក់សិចស៊ីនោះ មិនមែនទើបឥឡូវនោះទេ។ ខ្ញុំចូលចិត្តយូរហើយ។ ខ្ញុំចូលចិត្តស្លៀកពាក់សិចស៊ីតាំងពីមុនមិនទាន់ចូលសិល្បៈមកម្ល៉េះ ។ ខ្ញុំមិនបង្ហាញភាពសិចស៊ីខ្លាំងណាស់ ណាអីនោះដែរ។ មិនដូចការគិតលើកមុនដែលមានការបង្ហោះវីដេអូខ្ញុំនោះទេ។ លក្ខណៈសម្លៀកបំពាក់ថ្ងៃនោះដូចជាធម្មតាប៉ុណ្ណោះ ពីព្រោះតារាៗគេត្រូវស្លៀកពាក់យ៉ាងណាឲ្យខុសគ្នា និងប្លែក ហើយខ្ញុំធ្វើយ៉ាងណាស្លៀកពាក់ឲ្យសិចស៊ីឲ្យតម្រូវទៅតាមកម្មវិធី ប៉ុណ្ណោះ។ ពីព្រោះតារាត្រូវតែស្លៀកសិចស៊ី ហើយរឿងខ្លះមិនតម្រូវស្លៀកពាក់សុភាពគ្រប់ពេលមកណា។ ខ្ញុំត្រូវស្លៀកពាក់ខោអាវសិចស៊ីខ្លះដែរ មិនមែនសុទ្ធតែមាន ខោអាវសុភាពទាំងអស់នោះទេ។ រាល់ពេលសម្តែងខ្ញុំធ្វើទៅតាមកម្មវិធីថតប៉ុណ្ណោះ។ បើឲ្យសិចស៊ី គឺសិចស៊ីហើយ។ ប៉ុន្តែបើសុភាពក៏ខ្ញុំមិនអាចសិចស៊ីដែរ។ ថតបទចម្រៀង ឬថតរឿង ខ្ញុំធ្វើទៅតាមគេតម្រូវ។ បើនិយាយពីនៅខាងក្រៅវិញខ្ញុំមិនដល់ថ្នាក់សិចស៊ីខ្លាំងនោះទេ គឺរាល់ថ្ងៃខ្ញុំធ្វើខ្លួនសាមញ្ញ ធម្មតាបែបសុភាពដែលស្លៀកយ៉ាងណាឲ្យមនុស្សទូទៅមើលមកខ្ញុំចូលភ្នែក ”។
កញ្ញា អៀ ម៉េងលី ហៅអូនម៉ី បានបញ្ជាក់ថា នាងបានចូលសិល្បៈជិត២ឆ្នាំមកហើយ ដែលមកដល់បច្ចុប្បន្ន បានថតរឿងចំនួន៤រឿង ក្នុងនោះមានរឿង “មរតកបេះដូង”, “ឱអូនសំឡាញ់”,“ខ្មោចទឹក” និង “វិថីនារី”ដែលកំពុងដំណើរការថត។ នាងដើរតួភាគច្រើនជាតួឆ្នាសឆ្នើមដែលសម្ញែងភាពសិចស៊ី ក្នុងរឿង និងធ្វើឲ្យខ្លួនជាមនុស្សមានសម្រស់ស្អាត។ ភាគច្រើនទៅថត ខារ៉ាអូខេ និងថតកុននាងតែងតែធ្វើខ្លួនមនុស្សសិចស៊ី ប៉ុន្តែមិនដល់ថ្នាក់សិចស៊ីជ្រុលពេកនាពេលបច្ចុប្បន្ន។
ទោះបីជាការហាមប្រាមពីក្រុមគ្រួសារក៏ដោយក៏ នាងនៅតែបន្តធ្វើការងារសិល្បៈ និងធ្វើខ្លួនជាតារាស្រីសិចស៊ី។ ប៉ុន្តែកន្លងមកនាងបានទទួលអារម្មណ៍បាក់ទឹកចិត្ត បន្តិចបន្តួចនៅពេលអ្នកលេងហ្វេសប៊ុក បានរិះគន់ប្រមាថដល់សេចក្តីថ្លៃថ្នូរធ្វើឲ្យនាងស្ទើរតែមិនចង់ ចេញពីផ្ទះទៅធ្វើការឡើយ។ តារាលេងដើមទ្រូងរូបនេះបាននិយាយថា “កាលពីលើកមុន ទាំងម៉ាក់ និងបងប្អូនថា មិនឲ្យខ្ញុំចូលធ្វើសិល្បៈទៀតទេ។ ត្រូវតែឈប់ដាច់ខាតធ្វើសិល្បៈ។
ប៉ុន្តែខ្ញុំសុំទៅពួកគាត់វិញថា លើកក្រោយៗ ខ្ញុំនឹងឈប់ស្លៀកពាក់សិចស៊ីខ្លាំងហើយ។ ខ្ញុំនឹងធ្វើការកែតម្រូវឡើងវិញ។ ពេលដែលអ្នកលេងហ្វេសប៊ុករិះគន់ខ្ញុំខ្លាំងមកខ្ញុំមានអារម្មណ៍ថា ខឹងពួកគាត់ដែរ។ ពួកគាត់រិះគន់មិនមែនស្ថាបនាឡើយ គឺរិះគន់ជេរពេញមាត់តែម្តង។ ប៉ុន្តែបើពួកគាត់ រិះគន់ដាក់ថា គួរតែកែតម្រូវនៅពេលលើកក្រោយៗទៅខ្ញុំទទួលបាន។ ខ្ញុំចូលសិល្បៈជាងមួយឆ្នាំមិនសូវមានអ្នកស្គាល់ខ្ញុំឡើយ ប៉ុន្តែដល់ពេលបង្ហោះវីដេអូពេលខ្ញុំស្លៀករ៉ូបសិចស៊ីនោះទៅមាន មនុស្សម្នាជាច្រើនស្គាល់ខ្ញុំតែម្តង។ ពេលទៅណាម្តងគេឃើញខ្ញុំចេះមក សួរនាំខ្ញុំពីរឿងលើកមុនរហូត”។
អូនម៉ី បាននិយាយថា “ខ្ញុំដឹងថា ពេលសិចស៊ី គឺសិចស៊ីយ៉ាងម៉េច ហើយពេលសុភាព គឺសុភាពបែបម៉េចហើយ។ ខ្ញុំមិនមែនចង់បានដូចបរទេសតែរហូតនោះទេ។ ប៉ុន្តែខ្មែរយើងតែងតែរិះគន់ទម្លាក់អ្នកសិល្បៈចង់ដល់បាតទៅហើយ។ គ្រាន់តែតារាមួយតែងខ្លួនសិចស៊ីតិច គឺហ្វេសប៊ុកចាំតែវាយប្រហារតែម្តង។ និយាយទៅសម័យហ្វេសប៊ុករិះគន់តារាតែម្តង។ សូមរិះគន់ដោយស្ថាបនា ប្រសើរជាជាង ណាមួយខ្មែរយើងគួរមើលទៅបរទេសធ្វើដូចគេ ស្រុកគេ យករូបតារាស្រស់ស្អាតតារាសិចស៊ីមក អង្គុយមើលសរសើរ មិនដូចខ្មែរយើងតែងតែអ្វីៗក៏អាក្រក់រហូត”៕



0 comments: