នេះជាវិធីងាយស្រួលទាំង 7 ដែលអាចជួយថែរក្សាភ្នែករបស់អ្នក ពីផលប៉ះពាល់ដោយការចុច ទូរស័ព្ទ ឬ ថេប្លេតច្រើនពេកបាន
ក្នុងសម័យបច្ចេកវិទ្យាជឿនលឿននាពេលបច្ចុប្បន្ននេះ មនុស្សភាគច្រើនសុទ្ធតែមានស្មាតហ្វូនកាន់ក្នុងដៃ អ្នកខ្លះអាចមានដល់ទៅ ថេប្លេតផង និង ស្មាតហ្វូនផង ហើយពួកគេក៏ញៀនជាមួយឧបករណ៍ទាំងនោះដែរ ដូចជាការលេងហ្គេម និង តាមដានបណ្តាញសង្គមនានាជាដើម។ ប៉ុន្តែការសំលឹងមើលអេក្រង់ទូរស័ព្ទ ឬ ថេបប្លេតច្រើនពេក វាផ្តល់ផលអាក្រក់ច្រើនដល់ភ្នែករបស់យើង ដូចជាធ្វើអោយយើង រោយភ្នែក, ស្រវាំងភ្នែក និង ឈឺក្បាលជាដើម។ ដូច្នេះថ្ងៃនេះ ខេមបូ រីផត នឹងណែនាំ អំពីវិធីងាយៗទាំង 7 ចំនុច ដើម្បីការពារភ្នែកអ្នកទាំងអស់គ្នា ពីផលអាក្រក់ដែលបណ្តាលមកពីការសំលឹងមើលអេក្រង់ ស្មាតហ្វូនច្រើនពេក។
- ពេលសំលឹងមើលអេក្រង់ សូមព្រិចភ្នែកអោយបានញយដង
យើងមិនអាចសំលឹងមើលអេក្រង់របស់ស្មាតហ្វូនយូរពេក ដោយមិនព្រិចភ្នែកនោះទេ ព្រោះការសំលឹងដោយមិនដាក់ភ្នែកបែបនេះអាចបណ្តាលអោយ ភ្នែកយើងស្ងួតគ្មានសំណើម និង ធ្វើអោយឆាប់រោយភ្នែក។ ដូចនេះ ក្នុងរយៈពេល 20 នាទីដែលយើងសំលឹងមើលអេក្រង់ស្មាតហ្វូន យើងគួរព្រិចភ្នែកអោយបានយ៉ាងហោចណាស់ 20 ដង ហើយវាថែមទាំងជួយអោយភ្នែក ផ្តោតលើអេក្រង់ស្មាតហ្វូនបានល្អថែមទៀតផង។
- ប្រើប្រាស់ស្មាតហ្វូនដែលមានអេក្រង់ ចំណាំងផ្លាត ឬ ប្រើប្រាស់ស្គ្រីនការពារចំណាំងផ្លាត
សំរាប់អ្នកដែលប្រើប្រាស់ស្មាតហ្វូនដែលមានអេក្រង់ ក្រាលដោយប្រភេទកញ្ចក់ Corning Gorilla Glass គឺវាជួយការពារការចំណាំងផ្លាតបានល្អ ប៉ុន្តែសំរាប់អ្នកដែលប្រើប្រាស់ស្មាតហ្វូនដែលមានអេក្រង់ធម្មតាវិញ គឺអ្នកអាចប្រើប្រាស់ ស្គ្រីនការពារចំណាំងផ្លាត បិទលើអេក្រង់ស្មាតហ្វូនបាន នោះវានឹងជួយការពារភ្នែករបស់យើង ពេលដែលយើងចុចទូរស័ព្ទ ក្រោមកំដៅថ្ងៃ។
- សំរាក
យើងទាំងអស់គ្នាបានដឹងរួចហើយថា បច្ចុប្បន្ននេះបើមនុស្សភាគច្រើនមិនអាចទៅណាមកណាដោយគ្មានស្មាតហ្វូនបានទេ សូម្បីតែ អ្នកខ្លះចូលងូតទឹក ឬ បន្ទោបង់ក៏យកទូរស័ព្ទតាមខ្លួនដែរ។ ការយកសា្មតហ្វូនតាមខ្លួន គឺវាធ្វើអោយយើងបាត់អផ្សុក តែការសំលឹងមើលគ្រប់ពេលបែបនេះ វាក៏ផ្តល់ផលអាក្រក់ខ្លាំងដល់ភ្នែកដែរ។ ដូចនេះរៀងរាល់ 20 នាទី យើងគួរតែសំរាក និង សំលឹងមើលអ្វីមួយអោយ បានឆ្ងាយ ប្រហែលជា 5 ឬ 6 ម៉ែត្រ ប្រហែលជា 20 វិនាទី រួចចាំសំលឹងមកកញ្ចក់អេក្រង់វិញ ធ្វើបែបនេះគឺយើងអាចទុកពេលអោយភ្នែកសំរាកបានខ្លះ។
- កែតម្រូវ ឬ សារ៉េពន្លឺស្មាតហ្វូន (Brightness)
ពន្លឺដែលជះចេញពីស្មាតហ្វូន បើភ្លឺពេកក៏មិនល្អ ហើយបើងងឹតពេកក៏មិនល្អដែរ ដូចនេះយើងគួរកែតម្រូវពន្លឺក្នុងទូរស័ព្ទអោយស៊ីគ្នានឹងមជ្ឈដ្ឋានដែលយើងកំពុងតែស្ថិតនៅ ដូចជាពេលថ្ងៃយើងគួរសារ៉េពន្លឺអោយភ្លឺបន្តិច ដើម្បីងាយស្រួលមើល ហើយបើយើងចុចទូរស័ព្ទពេលយប់មុនពេលចូលគេង យើងគួរបន្ថយពន្លឺកុំអោយចាំងភ្នែកពេក។
- កែតម្រូវ ឬ សារ៉េ ទំហំ Font ក្នុងស្មាតហ្វូនរបស់អ្នក
អ្នកគួរកែតម្រូវទំហំ Font ក្នុងស្មាតហ្វូនរបស់អ្នកព្រោះ នេះក៏ជាវិធីមួយដ៏ល្អដើម្បីការពារភ្នែកពីការចុករោយដែរ។ ពេលដែលយើងអាន សារ SMS, email ឬ អានអត្ថបទនៅក្នុងស្មាតហ្វូនផ្សេងៗ បើអក្សរតូចៗពេក វានឹងធ្វើអោយភ្នែករឹតតែតានតឹង និង ខំប្រឹងមើលខ្លាំងពេក អាចបណ្តាលអោយយើងឆាប់ម៉្ញូបទៀតផង។
- ឧស្សាហ៍ជូតកញ្ចក់អេក្រង់ទូរស័ព្ទរបស់អ្នក
អ្នកគួរទំលាប់ជូនសំអាតអេក្រង់ស្មាតហ្វូនរបស់អ្នកអោយបានស្អាត កុំអោយមានធូលី ក្អែល ឬ ស្នាមប្រឡាក់ផ្សេងៗ ស្អិតជាប់លើអេក្រង់ទូរស័ព្ទ ធ្វើអោយយើងពិបាកមើល។ ម្យ៉ាងវិញទៀត អ្នកគួរតែប្រើប្រាស់ ស្គ្រីនការពារអេក្រង់ប្រភេទកញ្ចក់ ដើម្បីអោយវាជួយការពារអេក្រង់ទូរស័ព្ទអ្នកកុំអោយបែកផង និង ការពារពីភាពសឹកឆ្កូតបានផងដែរ។
- កាន់ទូរស័ព្ទអោយរាងឆ្ងាយពីភ្នែកបន្តិច
មនុស្សមួយចំនួនចូលចិត្តកាន់ទូរស័ព្ទ សំយ៉ុងចុះក្រោម ឬ កាន់ទូរស័ព្ទឆ្ងាយពីមុខត្រឹមតែ 20 សង់ទីម៉ែត្រប៉ុណ្ណោះ ធ្វើបែបនេះអាចផ្តល់ផលអាក្រក់ច្រើនដល់ភ្នែក ព្រោះភ្នែកស្រូបយកពន្លឺពណ៌ខៀវដែលជះចេញពីអេក្រង់ខ្លាំងពេក។ ដូច្នេះអ្នកគួរគប្បីកាន់ទូរស័ព្ទអោយឆ្ងាយពីមុខ យ៉ាងហោចណាស់ 40 ទៅ 45 សង់ទីម៉ែត្រ ដើម្បីអោយភ្នែកបានសម្រាកខ្លះផង។
យ៉ាងណាមិញ ខេមបូ សង្ឃឹមថាវិធីទាំង 7 ខាងលើ អាចជួយអ្នកទាំងអស់គ្នា ការពារភ្នែកពីការសំលឹងមើលអេក្រង់ស្មាតហ្វូនរបស់អ្នកបាន ព្រោះសម័យនេះជាសម័យបច្ចេកវិទ្យាទំនើប ដូច្នេះយើងទាំងអស់គ្នាក៏គួរយល់ដឹងពី គន្លឹះដើម្បីការពារភ្នែករបស់អ្នកអោយបានល្អ ចៀសវាងធ្វើអោយភ្នែកម៉្ញូប ដោយសារការចុចទូរស័ព្ទច្រើនពេក។
- ប្រភព: entrepreneur
Subscribe to:
Post Comments (Atom)



0 comments: