របៀបធ្វើ យ៉ាវហន ដោយម៉ាដាំ សម្ផស្ស
យ៉ាវហននេះមើលទៅប្រហាក់ប្រហែលនឹងស៊ុបឆ្នាំងភ្លើងដទៃៗទៀតដែរ តែមើលគ្រឿងផ្សំ ដូចជាទំនងឆ្ងាញ់ជាងស៊ុបគោធម្មតា ឯកវិធីធ្វើក៏មិនពិបាកណាស់ណាទេ ឲ្យតែអ្នកធ្លាប់ធ្វើស៊ុបពីមុនអាចធ្វើតាមបាន ចំណែកអ្នកមិនដែលធ្វើក៏នៅតែអាចតាមបាន ព្រោះក្បួនធ្វើមួយនេះលម្អិតណាស់។
*គ្រឿងផ្សំសម្រាប់ធ្វើទឹកយ៉ាវហន (សម្រាប់មនុស្ស4នាក់) ៖
1- ទឹកស៊ុបរម្ងាស់ពីឆ្អឹងមាន់3-4L(របៀបធ្វើទឹកស៊ុប រម្ងាស់ចេញពីឆ្អឹងមាន់គឺដំបូងយើងយកឆ្នាំងមកដាក់ឆ្អឹងមាន់ឆៅ 2Kg ទឹកធម្មតា 6-8L ខ្ទឹមបារាំង 1មើម ឆៃថាវ1មើម ប៉ិកួក1មើម ដើមខ្ទឹមខ្យល់កន្លះដើម ដើមឃិនឆាយធំកន្លះដើម អំបិល1ចឹប ម្រេចម៉ត់1ចឹប ដាំវាដោយប្រើភ្លើងខ្សោយៗទុកឲ្យពុះចោលរយ: 1-2ម៉ោង សឹមត្រងយកតែទឹកថ្លាទុកប្រើការ)2- ទឹកដូងខ្ចី 1ផ្លែ
3- កាពិឆៅ 1ស្លាបព្រាកាហ្វេ
4- ស្លឹកក្រូចសើច2សន្លឹកតូចៗ
5- ម្ទេសឆ្អើរលាងទឹកវះយកគ្រាប់ចេញ 50g ស្ងោរឲ្យផុយ ពូតទឹកចេញ ចិញ្ច្រាំឲ្យម៉ត់ 40g
6- គ្រឿងសាតេ 1កញ្ចប់
7- សណ្ដែកដីលីង ញីសម្បកចេញ បុកឲ្យទក់ៗ
9- ខ្ទិះដូង 80g
10- ទឹកក្រូចឆ្មារ 1ផ្លែ
11- ប្រេងឆា 2ស្លាបព្រាបាយ
12- ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ
13- ម្សៅស៊ុបរ៉តឌី ឬខ្នរ1ស្លាបព្រាកាហ្វេ
14- ស្ករស 2ស្លាបព្រាបាយ
15- ទឹកត្រី 2ស្លាបព្រាបាយ
16- ត្រកួន 300g
17- ស្ពៃបូកគោ 300g
18- ភ្លៅកង្កែប 300g
19- ស្ពៃតឿ 200g
20- ផ្សិតដែលញាំបានគ្រប់ប្រភេទ សរុប500g
21- សាច់គោចំឡកក្នុង(សាច់ផុយ) 300g
22- គ្រឿងសមុទ្រ ដូចជាបង្គាស្រស់ មឹកស្រស់ ខ្យងផ្លិត សុប300g
23- ពងមាន់ឆៅ 1គ្រាប់
24- នំបញ្ចុកឬគុយទាវសរសៃធំឬបាញ់ហយ500g
25- ទឹកជ្រលក់ទឹកត្រីកោះកុង ឬទឹកតៅហ៊ូ ឬទឹកសៀង មួយមុខ200g
**គ្រឿងផ្សំទឹកត្រីកោះកុង៖
1- ខ្ទឹមស 2ស្លាបព្រាបាយ2- ខ្ទឹមក្រហម 2ស្លាបព្រាបាយ
3- ទឹកត្រី 5ស្លាបព្រាបាយ
4- ទឹកដូងខ្ចីរសជាតិផ្អែម ឬទឹកស៊ុបក៏បាន 2-3ចានចង្កឹះ
5- ទឹកក្រូចឆ្មារ 5ស្លាបព្រាបាយ
6- ទឹកខ្មេះ តិចតួច
7- ស្ករស 5-6ស្លាបព្រាបាយ
8- ម្សៅស៊ុបរ៉តឌី ឬខ្នរ 1ស្លាបព្រាកាហ្វេ
9- ម្ទេសហ៊ឹ 4-5គ្រាប់
10- អំបិលម៉ត់ 1ចឹប
11- ទឹកម្ទេសផ្អែមដបរបស់ថៃ Thai sweet chili sauce 1ស្លាបព្រាបាយ
12- ឫសនិងស្លឹកជីវ៉ាន់ស៊ុយចិញ្ច្រាំ1ស្លាបព្រា បាយ
13- វិធីធ្វើគឺយកគ្រឿងទាំងអស់ដាក់ចូលក្នុងម៉ាស៊ីនកិន រួចកិនវាឲ្យម៉ត់សឹមភ្លក្សថែមថយរសជាតិតាមចំណូលចិត្ត។
***គ្រឿងផ្សំទឹកតៅហ៊ូ៖
1- តៅហ៊ូកែវ(ភាសាចុងភៅហៅថាតៅហ៊ូ ស្អុយ)2ស្លាបព្រាបាយ2- ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាកាហ្វេ
3- ប្រេងឆា 2ស្លាបព្រាបាយ
4- ទឹកដោះគោឆៅ 3ស្លាបព្រាបាយ
5- ស្ករស4-5ស្លាបព្រាបាយ
6- ទឹកក្រូចឆ្មារ1ស្លាបព្រាកាហ្វេ(ដាក់ក៏បាន មិនដាក់ក៏បាន)
7- ទឹកស៊ុបរម្ងាស់ពីឆ្អឹងមាន់ 3ស្លាបព្រាបាយ
8- វិធីធ្វើគឺយើងយកគ្រឿងទាំងអស់ឆាចូលគ្នា ឲ្យឈ្ងុយរលាយសាច់មួយសឹមភ្លក្សមើលថែមថយរសជាតិតាមចំណូលចិត្ត។
****គ្រឿងផ្សំទឹកសៀង៖
1- ទឹកសៀងផ្អែម Hoisin sauce 1ចានចង្កឹះ2- ខ្ទឹមសចិញ្ច្រាំ 1ស្លាបព្រាបាយ
3- ប្រេងឆា 2ស្លាបព្រាបាយ
4- ស្ករស 1ស្លាបព្រាបាយ
5- ម្សៅស៊ុបរ៉តឌី ឬ ខ្នរ កន្លះស្លាបព្រាកាហ្វេ
6- ទឹកប្រេងខ្យង កន្លះស្លាបព្រាកាហ្វេ
7- ទឹកប្រេងល្ង 1ស្លាបព្រាកាហ្វេ
8- គ្រាប់ល្ងសលីងឲ្យឈ្ងុយ 1ចឹប
9- ទឹកស៊ុបរម្ងាស់ពីឆ្អឹងមាន់3-4ស្លាបព្រាបាយ
10- ទឹកក្រូចឆ្មារ(ដាក់ក៏បាន មិនដាក់ក៏បាន)
12- វិធីធ្វើគឺយើងយកគ្រឿងទាំងអស់ឆាចូលគ្នាឲ្យឈ្ងុយរលាយសាច់មួយ សឹមភ្លក្សមើលថែមថយរសជាតិតាមចំណូលចិត្ត រីឯល្ងសលីងចាំរោយតាមក្រោយ។
*****វិធីធ្វើយ៉ាវហន៖
1- ដំបូងយកសាច់ទាំងអស់មកលាង បក កាត់ ហាន់រួចតម្រៀបដាក់ចានឲ្យស្អាតយកទៅក្លាសេក្នុងទូរត្រជាក់សិន។2- យកបន្លែមកចិតកាត់បកលាងទឹកសម្អាតឲ្យ ស្អាតទុកឲ្យស្រស់ទឹករួចយកវាទៅតម្រៀបក្នុងចាន ថាស ឬកញ្ច្រែងទុកមួយឡែកសិន។
3- ដាំខ្ទះឲ្យក្តៅចាក់ប្រេងឆាចូលដាក់ស្លឹកក្រូចសើច ដាក់ខ្ទឹមសចិញ្ច្រាំ កាពិ ម្ទេសឆ្អើរចិញ្ច្រាំ គ្រឿងសាតេឆាឲ្យឈ្ងុយចូលគ្នា សឹមដាក់ម្សៅស៊ុបខ្នរ ឬរ៉តឌីទឹកត្រីស្ករសខ្ទិះដូងទឹកដូងទឹកស៊ុបរម្ងាស់ចេញពីឆ្អឹងមាន់កូរវាបន្តិចសឹមបន្ថយភ្លើងឲ្យតូចល្មមទុកឲ្យវាពុះដាក់ទឹកក្រូចឆ្មារចូលរោយសណ្ដែកដីលីងចូលសឹមភ្លក្សមើលថែមថយរសជាតិតាមចំណូលចិត្ត ។
4- ផ្ទេរទឹកយ៉ាវហនចូលឆ្នាំងស៊ុបថ្មី ឬខ្ទះថ្មី ដាក់វាលើចង្ក្រានហ្គាស៍តូច បើកភ្លើងតិចៗ ដាក់បន្លែនិងសាច់គ្រប់ប្រភេទចូលម្តងបន្តិចៗ(បើសាច់គោយើងច្របល់ជាមួយពងមាន់ឆៅឲ្យហើយ)ហើយចាប់វាញ៉ាំក្តៅៗដូចយើងញ៉ាំស៊ុបស៊ូគីដែរ ផ្ទាប់ជាមួយនំបញ្ចុកគុយទាវសរសៃធំ ឬបាញ់ហយហើយជ្រលក់ជាមួយទឹកត្រីកោះកុងក៏បានទឹកតៅហ៊ូក៏បានទឹកសៀងក៏បានតាមចំណូលចិត្ត។
******សម្គាល់៖ លោកអ្នកអាចបន្ថយបរិមាណ បន្លែសាច់និងគ្រឿងបានទាំងអស់តែរសជាតិនឹងថយដូចគ្នា។
___________________ដោយម៉ាដាម សម្ផស្ស
Subscribe to:
Post Comments (Atom)

0 comments: