ស្មាតហ្វូន Samsung ដែលអាចបត់អេក្រង់បាន អាចនឹងមានវត្តមាននាចុងឆ្នាំនេះ
កាលពីប៉ុន្មានថ្ងៃមុននេះ LG បានប្រកាស ជាផ្លូវការ ស្ដែងៗទៅលើ ផលិតផលថ្មី ទើបនឹងផលិតបាន ជាមួយនឹង អេក្រង់ទំហំ 18 អ៊ីញ របស់ខ្លួន មានសមត្ថភាព អាចធ្វើ ការបត់ ឬមូលបាន ដូចទៅនឹង កាសែត។ ការជោគជ័យ ដ៏ធំធេង មួយនេះ LG ក៏នឹងត្រៀម បំពាក់អេក្រង់ បែបបត់បាន នោះ លើស្មាតហ្វូន និងថេប្លេត ជំនាន់ក្រោយៗ ដើម្បីប្រកួត ប្រជែងក្នុង ទីផ្សារអន្តរជាតិ ផងដែរ។ ក្នុងនោះ ក្រុមហ៊ុន យក្សទី 1 ប្រចាំកូរ៉េ ខាងត្បូង Samsung ក៏មិន នៅស្ងៀម នោះដែរ ដោយយោងតាម ប្រភពពត៌មាន របស់គេហទំព័រ PhoneArena បានចេញ ផ្សាយថា នាចុងឆ្នាំ 2016 នេះ ស្មាតហ្វូន របស់ក្រុមហ៊ុន Samsung នឹងចេញម៉ូឌែល ថ្មី អាចឲ្យអ្នក ប្រើប្រាស់បត់ អេក្រង់បាន។
ក្រុមអ្នកវិភាគ HSBC បានធ្វើការ សន្និដ្ឋានយ៉ាង មុតមាំថា Samsung នាចុងឆ្នាំនេះ នឹងប្រកាសចេញ ម៉ាស៊ីនពិសេសមួយ ជាលើកដំបូង របស់ខ្លួន ដែលវាអាច ធ្វើការបត់ អេក្រង់បាន ដូចជា កូនសៀនភៅ មួយមានទំហំ ដូចស្មាតហ្វូនអេក្រង់ ប្រមាណ 4-5 អ៊ីញ ហើយនៅពេល បើកវា ប្រើប្រាស់នោះ វានឹងក្លាយ ទៅជាថេប្លេត មានអេក្រង់ធំ មានន័យថា អ្នកប្រើប្រាស់ អាចទទួលបាន អត្ថប្រយោជន៍ ដល់ទៅពីរ គឺប្រើ ស្មាតហ្វូនផង និងថេប្លេតផង។ យ៉ាងណាមិញ ការសន្និដ្ឋាននេះ យើងមិនអាច ជឿជាក់បាន 100% នោះទេ ព្រោះប្រភព ខាងក្នុង ក្រុមហ៊ុន Samsung គឺស្ងប់ស្ងាត់ ពុំមានអ្វី ត្រូវប្រកាសថា នឹងមាន ស្មាតហ្វូន បត់អេក្រង់ បានឡើយ ក៏ប៉ុន្តែមាន ពត៌មាន បែកធ្លាយ មួយនិយាយថា Samsung បានត្រៀម គម្រោងប្រកាស ចេញផលិតផល របស់ខ្លួន ដែលមានអេក្រង់ អាចបត់បាន នៅក្នុងឆ្នាំ 2018 បន្ទាប់មក ក៏ថា 2017 តែឆ្នាំនេះ វិញប្រភព ពត៌មានថា វត្តមានរបស់វា អាចនឹងចេញ ជាផ្លូវការ នៅចុងឆ្នាំ 2016 នេះតែម្ដង។

គួររំលឹកផងដែរថា Galaxy S7 នឹងប្រកាសចេញ ជាផ្លូវការ នារយៈពេល ប្រមាណជា 1 ខែទៅ 2 ខែទៀត ប៉ុណ្ណោះ ហើយ Galaxy Note 6 ក៏នឹងត្រៀម បង្ហាញខ្លួន នាចុងឆ្នាំនេះ ផងដែរ ដែលយើង រំពឹងថា Note 6 អាចនឹង បំពាក់មកជាមួយ អេក្រង់អាចបត់ បានក៏ ថាបាន។ សម្រាប់ Cambo Report គិតថា ស្មាតហ្វូនអាច បត់អេក្រង់បាន របស់ Samsung នឹងប្រកាសចេញ ជាម៉ូឌែលថ្មី ស្រឡាងមួយ ជាជាងបំពាក់ មុខងារថ្មី ស្រឡាងនេះ ទៅលើ ស្មាតហ្វូន ដែលមាន វត្តមាននៅ ក្នុងទីផ្សារ រួចហើយ ដូច្នេះឆ្នាំនេះ យើងនឹង រង់ចាំមើល ទាំងអស់គ្នា ពិសេស ប្រិយមិត្ត ដែលគាំទ្រ ផលិតផល Samsung ទាំងអស់។
- ប្រភព: Cambo-Report
Subscribe to:
Post Comments (Atom)
0 comments: